តួស្រីរឿងទីតានិច ប្រាប់បង្ហើបឲ្យដឹងថា តាមពិតតួប្រុស វគ្គចុងក្រោយត្រូវ... (មានវីដេអូ)

អាមេរិក៖ តារាសម្តែងហូលីវូដ នាង Kate Winslet ដែលគ្រប់គ្នាស្គាល់ថាជាតួនាងកុលាប (Rose) ក្នុងរឿងកប៉ាល់ទីតានិច បានបង្ហើបពីអាថ៌កំបាំងមួយ ក្នុងរឿងដ៏ល្បីល្បាញមួយនេះ។ 



ជាការពិតណាស់ខ្សែភាពយន្ត រឿងកប៉ាល់ទីតានិច គឺជាភាពយន្តស្នេហាសោកសៅបំផុតមួយ ដែលចុងបញ្ចប់នៃសាច់រឿង ក្រោយពេលដែលកប៉ាល់ទីតានិចបានលិចបាត់ តួប្រុស Jack សម្តែងដោយលោក Leonardo DiCaprio សុខចិត្តស្លាប់ខ្លួន ដើ​ម្បីជួយសង្គ្រោះគូស្នេហ៍ ឈ្មោះនាង Rose សម្តែងដោយ តារាស្រី Kate Winslet ដោយការគេងលើកំណាត់ទ្វារបន្ទប់កប៉ាល់អណ្តែតតែម្នាក់ឯង ហើយចំណែករូបគាត់ត្រូវកកស្លាប់ ក្នុងមហាសមុទ្រអាត្លង់ទិចដ៏សែនត្រជាក់។ ឈុតចុងក្រោយនេះហើយ បានធ្វើឲ្យអ្នកទស្សនានៅជុំវិញពិភពលោក មានភាពសោកសៅ និងក្តុកក្តួលបំផុត រហូតដល់មានមនុស្សសម្រក់ទឹកភ្នែក ក្នុងរោងភាពយន្តជាច្រើនផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ ឈុតខាងលើនេះ ត្រូវបានអ្នកទស្សនាជាច្រើន មិនអស់ចិត្តត្រង់ថា កំណាត់ទ្វារបន្ទប់កប៉ាល់មួយនោះ មើលទៅទំនងអាចជាដាក់មនុស្សបានពីរនាក់ ប្រសិនបើពួកគេចេះចែករំលែកកន្លែងឲ្យគ្នា ហើយតួប្រុសក៏មិនសម ស្លាប់យ៉ាងកំសត់យ៉ាងដូចនោះដែរ។ ទាក់ទងនឹងមតិនេះដែរ សាមីខ្លួនតួឯកស្រី នាង Kate Winslet  ក៏បានបង្ហើបឲ្យដឹងដូចគ្នាដែរថា តាមពិតទៅតួប្រុស Jack អាចនឹងត្រូវជួយសង្គ្រោះ និងរស់រានមានជីវិត នៅចុងបញ្ចប់នៃសាច់រឿង។
ជំទាស់នឹងគំនិតខាងលើ អ្នកដឹកនាំរឿងកប៉ាល់ទីតានិច លោក James Cameron បានឲ្យដឹងថា គ្មានកន្លែងទំនេរសម្រាប់ឲ្យតួប្រុស Jack អាចគេងលើកំណាត់ទ្វារនោះបានទេ បើគិតតាមធរណីមាត្រ។ តែទោះជាយ៉ាងណាក៏ដោយ មានអ្នកគាំទ្រមួយចំនួនបានបង្ហាញ ភស្តុតាងជារូបថត ដោយធ្វើការប្រៀបធៀបកំណាត់ទ្វារនោះ ជាមួយនឹងវិធីដែលអាចជិះបានពីរនាក់ ឃើញថាសមហេតុសមផលពិតមែន៕

Comments