បរទេស៖ វីរុសគ្រុនឈាមប្រភេទថ្មី Zika (ហ្សុីកា) បានកំពុងនិងរាតត្បាត នៅតាមបណ្តាប្រទេសមួយចំនួន ហើយបច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសអាសន្នផងដែរ។វីរុសហ្សុីកា ចម្លងដោយសត្វមូស និងបង្កជារោគសញ្ញាដូចជាជំងឺផ្តាសាយ កើតមានលើចំពោះមនុស្សពេញវ័យ។ មិនតែប៉ុណ្ណោះ ចំពោះស្រី្តមានផ្ទៃពោះ វាមានទំនាក់ទំនង ទៅដល់កូនក្នុងផ្ទៃ ដែលអាចធ្វើឲ្យទារកពិការភាព និងខូចខាតខួរក្បាលផងដែរ។
ក្នុងរបាយការណ៍ថ្មីៗនេះ វីរុសហ្សុីកា ត្រូវបានគេរកឃើញ មាននៅក្នុងប្រទេសប្រេហ្សុីល ដែលជះផលប៉ះពាល់ទៅដល់ប្រជាជនប្រមាណ ជាង១.៥លាននាក់ផ្សេងទៀត ស្របពេលដែលប្រទេសនេះ ត្រូវបានគេជ្រើសរើសជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិក ក្នុងរដូវក្តៅនេះ។
អង្គការសុខភាពពិភពលោក (WHO) កំពុងធ្វើការព្យាករណ៍ថា យ៉ាងហោចណាស់មានករណីវីរុសហ្សុីកា កើតមានរហូតដល់ទៅ ៤លានករណី នៅឯអាមេរិកឡាទីន ហើយវាឈានដល់ការប្រកាសអាសន្នមួយ ទៅដល់ពិភពលោក ខណៈពេលដែលវីរុសនេះ កំពុងរាលដាលយ៉ាងឆាប់រហ័ស។
លោកវេជ្ជបណ្ឌិត Margaret Chan ប្រធាន អង្គការសុខភាពពិភពលោក បាននិយាយថា ពុំមានការចាំបាច់ ក្នុងការរឹតបន្តឹង ការធ្វើដំណើរនៅពាសពេញពិភពលោកនោះទេ ប៉ុន្តែពិភពលោក ត្រូវមានការតាមដានខ្ពស់ ចំពោះករណីវីរុសនេះឲ្យបានខ្ជាប់ខ្ជួន។
គួរបញ្ជាក់ផងដែរថា វីរុសហ្សុីកា នៅមិនទាន់មានវីធីអាចព្យាបាល និងថ្នាំបង្កានៅឡើយនោះទេ ដែលអ្នកស្រាវជ្រាវបានអះអាងថា យ៉ាងហោចណាស់ ពួកគេត្រូវការពេលមួយទស្សវត្ស ឬច្រើនជាងនេះដើម្បីផលិតថ្នាំព្យាបាលវា៕
Comments
Post a Comment